ពិធីឡើងគ្រងរាជសម្បត្តិ របស់ព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រថៃឡង់ដ៍ នឹងត្រូវបញ្ចប់នៅថ្ងៃស្អែក !!!!

ចេញផ្សាយថ្ងៃទី Sunday, 5th May, 2019, 11:56 pm

ពិធីឡើងគ្រងរាជសម្បត្តិ របស់ព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រថៃឡង់ដ៍ នឹងត្រូវបញ្ចប់នៅថ្ងៃស្អែក !!!!

ដោយះ លោក ប៉ែន សំបូរ
ចេញផ្សាយថ្ងៃ អាទិត្យ ២ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

រាជធានីភ្នំពេញ៖

នៅពេលដែលប្រជាពលរដ្ឋថៃ ចូលរួមអបអរសារទរ ក្រោយការប្រារព្ធព្រះរាជពិធីរាជាភិសេកយ៉ាងអធិកអធមនៅថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា គ.ស២០១៩ ​ម្សិលមិញនេះ ព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន ក្នុងព្រះជន្មាយុ ៦៦ព្រះវស្សា ក្លាយជាព្រះមហាក្សត្រថៃជាផ្លូវការ និងក្លាយជាព្រះចៅរាមាធិបតីទី១០ នៃសន្តតិវង្សចក្រី ដោយមានព្រះគោរមងារពេញថា «ព្រះបាទសម្ដេច ព្រះបរមេន្ទ្រ រាមាធិបតីស្រីសិន្ទ្រ មហា វជិរាលង្ករណ៍ មហិស្សរភូមិពល រាជវរ័ង្គណ កិត្តិសិវីសម្បូរណ៍អត្យលតេជៈ ស្យាមិន្ទ្រាធិបេស្ស រាជវរោត្តម បរមនាថបពិត្រ ព្រះវជិរក្លៅចៅយូហួ»។

ព្រះរាជពិធីរាជាភិសេកឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនេះ មានគ្រឿងកកុធភណ្ឌ ឬកេតនភណ្ឌសំខាន់ៗរហូតដល់ទៅ ២៨គ្រឿង ត្រូវបានយកប្រើប្រាស់ក្នុងព្រះរាជពិធីនេះ។ ក្នុងនោះកកុធភណ្ឌសំខាន់ជាងគេបំផុតមានចំនួន ៥គ្រឿង ដែលហៅថា «គ្រឿងបញ្ចក្សេត្រ» រួមមាន៖ ព្រះមហាពិជ័យមកុដ ថៃហៅថា ប្រាម៉ាហាភិឆ័យមង្គត់ (មកុដ) ព្រះសែងខ័ឌ្គជ័យស្រី ថៃហៅថា ប្រាសែងខ័នឆ័យស៊ី (ដាវ) ព្រះទណ្ឌៈ ថៃហៅថា ថានប្រាកន (ដំបង) ព្រះវាលវិជនី ថៃហៅថា ប្រាវ៉ាឡាវីឆានី (ផ្លិតរោមដំរី) និងព្រះសុវណ្ណសុពណ៌បាទុកា ថៃហៅថា ឆាឡងប្រាបាតង៉ន (ស្បែកជើងមាស)។គ្រឿងបញ្ចក្សេត្រទាំង៥នេះ ត្រូវបានជនជាតិថៃមានជំនឿថា មានបារមី និងភាពស័ក្តិសិទ្ធបំផុតសម្រាប់ជាតិរបស់គេ។

ទី១. ព្រះមហាពិជ័យមកុដ (ប្រាម៉ាហាភិឆ័យមង្គត់)៖ ជានិម្មិតរូបធំជាងគេបង្អស់នៃអំណាចមហាក្សត្សថៃ។ មកុដនេះ ត្រូវបានស្ថាបនាឡើងតាំងពីរជ្ជកាលទី១ នាគ្រិស្តសករាជ ១៧៨២ (ជនជាតិថៃ បើកាលណានិយាយពីរជ្ជកាលទី១ គឺសំដៅដល់រជ្ជកាលរបស់ព្រះចៅរាមាទី១ ឬព្រះបាទសម្ដេច ព្រះពុទ្ធយ៉តហ្វា ចូឡាលោក (១៧៣៧-១៨០៩)។

មកុដរាជ្យនេះ ត្រូវបានស្ថាបនាឡើងអំពីមាសលាយចម្រុះដោយត្បូងពេជ្រ និងត្បូងមានតម្លៃផ្សេងទៀត (មរកត ទទឹម កណ្ដៀងជាដើម) និងមានបញ្ចុះថ្នាំបរិសុទ្ធដ៏ស័ក្តិសិទ្ធម្យ៉ាង។ បើវាស់ពីទងត្រចៀកឡើងទៅដល់ចុងមកុដមានប្រវែង ៥១សង់ទីម៉ែត្រ តែបើគិតជំហរមកុដទាំងមូលពីក្រោមទៅលើ គឺមានប្រវែង ៦៦សង់ទីម៉ែត្រ និងមានទម្ងន់ដល់ទៅ ៧.៣គីឡូក្រាម។នៅខាងលើកំពូលមកុដរាជ្យនេះ ត្រូវបានដាំដោយត្បូងពេជ្រមួយគ្រាប់ធំចាំងផ្លេចៗ ដែលត្បូងពេជ្រនេះមានប្រវត្តិមិនធម្មតាឡើយ។ នៅក្នុងរជ្ជកាលព្រះចៅរាមា ទី៤ (១៨០៤-១៨៦៨) គឺព្រះបាទសម្ដេចមង្គលក្លៅចៅយូហួ (ស្ដេចមង្គត់) ព្រះអង្គបានត្រាស់បង្គាប់ឲ្យគេនាំយកពីក្រុង កលកត្តា នៃប្រទេសឥណ្ឌា មកដាំនៅខាងលើកំពូលមកុដនេះ ហើយព្រះចៅមង្គត់បានព្រះរាជទាននាមត្បូងពេជ្រនោះថា «ព្រះ មហា វជិរាមុនី» ថៃហៅថា ប្រាម៉ាហា វិជ្ជារ៉ាមូនី»។ តាំងពីពេលនោះមក ព្រះមហាពិជ័យមកុដនេះ មិនត្រូវបានកែកុនអ្វីផ្សេងទៀតនោះទេ និងត្រូវបានប្រើក្នុងព្រះរាជពិធីបរមរាជាភិសេក នៃមហាក្សត្រថៃថ្មីៗតរៀងមក។

ទី២. ព្រះសែងខ័ឌ្គជ័យស្រី (ប្រាសែងខ័នឆ័យស៊ី)៖ ព្រះខ័ឌ្គនេះ តំណាងឲ្យជោគជ័យ​នៃ​ការការពារនគរ ​និងប្រជានុរាស្ត្រថៃ។ ព្រះរាជពង្សាវតាថៃ បានឲ្យដឹងថា ព្រះខ័ឌ្គរាជ្យនេះត្រូវបានយកពីព្រះនគរកម្ពុជាធិបតី កាលពីសម័យឧដុង្គ ក្នុងរជ្ជកាលព្រះបាទនារាយណ៍រាជាទី៣ ឬ ព្រះអង្គអេង (១៧៧២–១៧៩៦)។ព្រះខ័ឌ្គរាជ្យនេះ ត្រូវបានអ្នកនេសាទខ្មែរម្នាក់បានបង់សំណាញ់ជាប់ក្នុងពេលទៅនេសាទត្រីនៅបឹងទន្លេសាប ហើយបានយកទៅប្រគល់ជូនចៅពញាអភ័យបដេស ប៉ែន ឬ អភ័យវង្ស (អតីតមន្ត្រីខ្មែរមានគោរមងារជា ឧកញ៉ាចក្រី ប៉ែន តែក្រោយមកបានចុះចូលជាមួយសៀមក្បត់នគរខ្មែរ) ជាចៅហ្វាយខេត្តព្រះដំបង (បច្ចុប្បន្ន គឺខេត្តបាត់ដំបង) ដែលកាលណោះខេត្តបាត់ដំបងរបស់ស្ថិតនៅក្រោមការត្រួតត្រារបស់សៀម។ក្រោយពីទទួលបានដាវដ៏វិចិត្រមួយដើមពីអ្នកនេសាទ ហើយដឹងថា ជាព្រះខ័ឌ្គរាជ្យរួចមក ចៅពញាអភ័យវង្ស បាននាំទៅថ្វាយព្រះមហាក្សត្រថៃ សម្ដេចព្រះពុទ្ធ យ៉តហ្វា ចូឡាលោក ឬព្រះចៅរាមាធិបតីទី១។

រាជពង្សាវតាថៃបានបន្តថា ក្នុងពេលដង្ហែព្រះខ័ឌ្គដ៏ស័ក្តិសិទ្ធទៅចូលក្នុងព្រះបរមរាជវាំងក្រុងទេពមហានគរ ក៏មានអព្ភូតហេតុអស្ចារ្យមួយបានកើតឡើង ដោយមានរន្ទះបាញ់លាន់ឮសន្ធឹកពេញឰដ៏អាកាស ហើយបាញ់ចំទីតាំងដង្ហែព្រះខ័ឌ្គរាជ្យនោះចំនួន ៧កន្លែង ដូចជានៅឯទ្វារវិសេសជ័យស្រី (ផ្នែកខាងក្រៅនៃព្រះបរមរាជវាំងក្រុងរតនគោសិន្ទ) និងទ្វារវិមានជ័យស្រី (ផ្នែកកណ្ដាលនៃព្រះបរមរាជវាំង) ដែលសុទ្ធសឹងជាផ្លូវដង្ហែព្រះសែងខ័ឌ្តជ័យស្រីនេះ ឆ្លងកាត់ចូលទៅក្នុងព្រះបរមរាជវាំងក្រុងរតនគោសិន្ទ។ដោយទតឃើញហេតុអស្ចារ្យដូច្នោះ ព្រះចៅរាមាទី១ បានចេញព្រះរាជបញ្ជាឱ្យជាងស្ថាបនាដង និងស្រោមព្រះខ័ឌ្គឡើងអំពីមាសលាយចម្រុះដោយត្បូងមានតម្លៃ ហើយរៀបចំអភិសេកឲ្យក្លាយជាគ្រឿងសម្រាប់រាជ្យមួយ ក្នុងចំណោមគ្រឿងបញ្ចក្សេត្រដទៃទៀត សម្រាប់យកមកប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រថៃ នៅក្នុងឆ្នាំ១៧៨៥ ហើយបានបន្តប្រើរហូតមកដល់បច្ចុប្បន្ន។ ព្រះសែងខ័ឌ្តជ័យស្រី ក៏ត្រូវបានយកទៅប្រើក្នុងព្រះរាជពិធីថ្វាយទឹកពិពឌ្ឍសច្ចា ក្នុងព្រះរាជវាំងក្រុងទេពមហានគរផងដែរ។ព្រះសែងខ័ឌ្គជ័យស្រីនេះ បើគិតទាំងដងទាំងផ្លែមានប្រវែង ៨៩.៨សង់ទីម៉ែត្រ និងមានទម្ងន់ ១.៣គីឡូក្រាម។ នៅពេលដាក់ក្នុងស្រោមមានប្រវែងដល់ទៅ ១០១សង់ទីម៉ែត្រ និងមានទម្ងន់ ១.៩គីឡូក្រាម។

ទី៣. ព្រះទណ្ឌៈ (ថានប្រាកន)៖ គឺជាដំបងរាជ្យមួយ តំណាងឲ្យសត្យានុម័តទៀងត្រង់របស់ព្រះមហាក្សត្រ ចំពោះព្រះរាជនគរថៃ។ ដំបងរាជ្យនេះធ្វើអំពីឈើស្រោបដោយមាស មានប្រវែង ១១៨សង់ទីម៉ែត្រ។

ទី៤. ព្រះវាលវិជនី (ប្រាវ៉ាឡាវីឆានី)៖ ជាផ្លិតរាជ្យធ្វើអំពីស្លឹកត្នោតលម្អដោយមាស និងគ្រាប់ត្បូងមានតម្លៃ អមដោយប្រដាប់បក់មួយទៀតធ្វើអំពីរោមគជសី (ដំរី) និងមានដងស្រោបមាស។ កេតនភណ្ឌទាំង២នេះ គឺជានិម្មិតរូបនៃការបក់ផាត់ក្តីទុក្ខអពមង្គល និងកលយុគនានាឲ្យវៀសចៀសឆ្ងាយពីព្រះនគរសៀម។

ទី៥. ព្រះសុវណ្ណសុពណ៌បាទុកា (ឆាឡងប្រាបាតង៉ន)៖ ជាស្បែកជើងធ្វើអំពីសន្លឹកមាសសុទ្ធ លម្អដោយគ្រាប់ត្បូង និងគ្រាប់ពេជ្រ។ ក្នុងពេលគ្រងរាជ្យ គឺមានអាចារ្យបាគូព្រហ្មញ្ញសាសនាយកស្បែកជើងមាសនេះ បំពាក់ថ្វាយព្រះមហាក្សត្រថ្មី ដែលគង់លើព្រះរាជរាជបល្ល័ង្ក។សូមបញ្ជាក់ថា ព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះចៅរាមាទី១០ មិនទាន់បិទបញ្ចប់នៅឡើយទេ។ នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ដែលជាថ្ងៃទី២ នៃព្រះរាជពិធីនេះ នឹងមានព្រះរាជពិធីដង្ហែព្រះមហាក្សត្រថ្មី ដើម្បីឲ្យប្រជារាស្ត្របានឃើញ និងងថ្វាយបង្គំ។ ព្រះមហាក្សត្រថ្មីអង្គនេះ ក៏នឹងយាងឡើងលើគ្រែប៉ាឡាកាំង ដោយមានអាម៉ាតជាអ្នកសែង អមដោយនាម៉ឺនសព្វមុខមន្ត្រី។ តាមទម្លាប់ ក្បួនដង្ហែរ នឹងព័ទ្ធជុំវិញព្រះបរមរាជវាំង ព្រមទាំងឈប់នៅតាមវត្តមួយចំនួន ដើម្បីឲ្យព្រះមហាក្សត្រ បានយាងចូលក្នុងព្រះវិហារ ថ្វាយបង្គំព្រះពុទ្ធបដិមា។

នៅមានកម្មវិធីបន្តទៀតក្រៅពីដង្ហែតាមផ្លូវគោកហើយនោះ ក៏មានការដង្ហែតាមផ្លូវទឹកផងដែរ។ នៅមុខព្រះបរមរាជវាំង មាត់ទន្លេចៅប្រាយ៉ា ព្រះមហាក្សត្រីថ្មី នឹងយាងឡើងលើព្រះទីនាំងទូកហង្សវែង ដើម្បីធ្វើដំណើរតាមទន្លេចៅប្រាយ៉ា ហើយឆ្លងទៅវត្តអារុណ រ៉ាត់ឆាវ៉ារ៉ារាម នៅត្រើយម្ខាងទៀត នៃទន្លេចៅប្រាយ៉ា។នៅថ្ងៃទី៣ ត្រូវនឹងថ្ងៃចន្ទ ទី០៦ ខែឧសភា ដែលថ្ងៃចុងក្រោយ ព្រះមហាក្សត្រថ្មី និងយាងចេញមកខាងក្រៅមាត់បង្កាន់ដៃ នៃប្រាសាទស៊ូថាយសុវណ្ឌ ដើម្បីថ្លែងសារទៅកាន់នាម៉ឺនមន្ត្រី និងប្រជានុរាស្ត្រ។ បន្ទាប់មកទៀត ព្រះមហាក្សត្រថ្មី នឹងបើកសវនាការ ទទួលជួបមន្ត្រីអង្គទូតបរទេសនានា ដែលចូលសម្តែងគារវកិច្ចគួរសម នៅឯព្រះទីនាំងចក្រីមហាប្រាសាទ៕

ដោយះ គេហទំព័រ កោះសេរីភាព