លោកផ្កាយ3ម្នាក់ឈ្នោះ ផេក ធា កំពុងរងការចោទប្រកាន់ថា រំលោភយកដីចំការពលរដ្ឋ ដោយសារអតីតៈចៅសង្កាត់អូរស្មាច់

ឧត្តរមានជ័យៈ លោកឧត្តមសេនីយ៍ឯក ផេក ធា មេបញ្ជាការរងនៃនគរបាលយុទ្ធភូមិភាគទី4 ប្រចាំទឹសខេត្តព្រះវិហារ ត្រូវបានពលរដ្ឋចោទប្រកាន់ថា កំពុងធ្វើសកម្មភាពបំពានដើម្បីរំលោភយកដីចំការពួកគាត់ចំនួន2.5ហិកតាស្ថិតក្នុងភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយគ្មានលិខិតស្នាមច្បាស់លាស់ ។
ពាក្យចោទប្រកាន់ខាងលើនេះ គឺយោងតាមការរៀបរាប់ពីឈ្មោះ ណាំង មណ្ឌល និងឈ្មោះ សេក សុភាព ជាប្តីប្រពន្ធ ដោយពួកគាត់បានអោយដឹងថា ពួកគាត់មានដីចំការចំនួន5ហិកតា ស្ថិតក្នុងភូមិសង្កាត់ខាងលើ ដែលជាកម្មសិទ្ធស្របច្បាប់ តាំងពីឆ្នាំ2013មកម្លេះ និងបានឈូសឆាយសំអាតព្រៃឈើ ព្រមទាំងធ្វើអាស្រ័យផលជាបន្តរបន្ទាប់រហូតមកដល់ដើមខែសីហា ឆ្នាំ2019 ។ លុះព្រឹកនាថ្ងៃទី04 ខែសីហា ឆ្នាំ2019នេះ ក៍ស្រាប់តែមានឈ្មោះ ផេក ធា មកអះអាងថា ដីពាក់កណ្តាលនៃផ្ទៃដីដី5ហិកតារបស់ពួកគាត់ គឺជាដីរបស់គេទៅវិញ ។
យោងតាមលិខិតសះជារបស់សាលាដំបូងខេត្តឧត្តរមានជ័យ ដែលធ្វើនៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2013 បានបង្ហាញថា ដើមហេតុមុនពេលឈ្មោះ ណាំង មណ្ឌល និងឈ្មោះ សេកសុភាព បានធ្វើជាកម្មសិទ្ធលើដីចំការ5ហិកតាក្នុងភូមិសង្កាត់ខាងលើ គឺមានខ្លឹមសារដូចខាងក្រោម÷
ដោយនៅឆ្នាំ2008 ឈ្មោះ ផេម សំអាត ជាចៅសង្កាត់អូរស្មាច់ និងឈ្មោះ លន់ ចាន់នី ជាប្រពន្ធ បានខ្ចីលុយពួកគាត់ចំនួន3លើក ដោយសរុបទាំងអស់គឺលុយថៃចំនួន ( ប្រាំម៉ឺនពីពាន់បាត )និង( បីរយដុល្លា ) ដោយដោះដូរជាដីចំការនៅចំណុចភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន 5 ហិកតាដោយមានព្រុំប្រទល់ខាងត្បូងទល់និង លន់ ចាន់នី ខាងជើងទល់និង ផេម សំអាត ខាងលិចនិងខាងកើតទល់និងផ្លូវដូចគ្នា និងបានធ្វើលិខិតសះជា ព្រមព្រៀងគ្នាជាផ្លូវការដោយសាលាដំបូងខេត្តឧត្តរមានជ័យ ។ បន្ទាប់ពីមានលិខិតសះជាហើយ ឈ្មោះ ណាំង មណ្ឌល និងឈ្មោះ សេក សុភាព ជាប្តីប្រពន្ធបានសុំធ្វើប្លង់កម្មសិទ្ធកាន់កាប់ពីអាជ្ញាធរភូមិសង្កាត់ ប៉ុន្តែរឈ្មោះ ផេម សំអាត ដែលជាចៅសង្កាត់ក្នុងឆ្នាំ2013នោះ មិនព្រមធ្វើអោយទេ ដោយសិទ្ធគាត់ជាចៅសង្កាត់ផង និងគាត់មានព្រុំដីជាប់គ្នាផង បើទោះបីជាអណត្តក្រោយនេះរូបគាត់ធ្លាក់ពីចៅសង្កាត់ មកនៅត្រឹមចៅសង្កាត់រងទី2ក៍ដោយ ក៍រូបគាត់មិនព្រមផ្តិតមេដៃជាប់ព្រុំគ្នាដើម្បីអោយឈ្មោះ ណាំង មណ្ឌល ធ្វើប្លង់កម្មសិទ្ធកើតដែរ ទើបអ្នកទាំង2ខាងលើមានត្រឹមតែលិខិតសះជាតែប៉ុណ្ណោះរហូតដល់បច្ចប្បុន្ននេះ ។ ស្រាប់តែនៅព្រឹកថ្ងៃទី04 ខែសីហា ឆ្នាំ2019នេះ ក៍មានឈ្មោះ ផេក ធា ថ្នាក់ជាឧត្តមសេនីឯក នៃនគរបាលយុទ្ធភូមិភាគទី4ប្រចាំទឹសព្រះវិហារ យកគ្រឿងចក្រមកកាយដីដើម្បីកំណត់ព្រុំរបស់គេ ដែលនៅចំកណ្តាលដីឈ្មោះ ណាំង មណ្ឌល នេះតែម្តង ដោយរូបគេបានអះអាងថាជាដីរបស់គេដែលបានទិញពីឈ្មោះ ផេម សំអាត និងមានប្លង់កម្មសិទ្ធត្រឹមត្រូវ តែដោយសារអ្នកយកព៌ត៍មានយើងទៅដល់មុនពេលគ្រឿងចក្រចូលកាយទើបមិនបានធ្វើសកម្មភាព ។ ក្នុងខណៈពេលអ្នកយកព៌ត៍មានយើងសុំថតរូបប្លង់កម្មសិទ្ធទាំងសងខាង គឺមានតែខាងឈ្មោះ ណាំង មណ្ឌល ទេដែលបង្ហាញអោយថត ដោយឡែកខាងឈ្មោះ ផេក ធា គឺមិនបញ្ចេញនោះទេ ដោយម្តងគាត់ថាប្លង់នៅផ្ទះ ម្តងគាត់ថាប្លង់ក្នុងទូរស័ព្ទគាត់ តែគាត់មិនអោយមើលនិងអោយថតនោះទេ ។


ដោយឡែកអ្នកស្រី លន់ ចាន់នី ដែលជាអតីតៈភរិយាលោក ផេម សំអាត អតីតៈចៅសង្កាត់អូរស្មាច់ និងមានព្រុំប្រទល់ជាប់ដីឈ្មោះ ណាំង មណ្ឌល ដែលកំពុងមានទំនាស់នោះបានអោយដឹងថា ដីទំនាស់ខាងលើពិតជាដីឈ្មោះ ណាំង មណ្ឌល និងឈ្មោះ សេក សុភាព ពិតប្រាកដមែន ចំពោះឈ្មោះ ផេក ធា ដែលបានអះអាងថាជាដីរបស់ខ្លួនដែលទិញពីឈ្មោះ ផេម សំអាត នោះគឺជាដីខ្យល់ទេ ហើយឈ្មោះ ផេម សំអាត រូបនេះបានបន្តរយកលុយអ្នកភូមិក្នុងសង្កាត់អូរស្មាច់ជាច្រើនអ្នកផ្សេងទៀតដោយសន្យាថាដោះដូរដីអោយពួកគេនៅចំណុចខាងលើនេះដូចៗគ្នា ប៉ុន្តែរអ្នកភូមិទាំងអស់នោះរហូតដល់ពេលនេះគឺបានតែខ្យល់ទេ រួមទាំងឈ្មោះ ផេក ធា ផងដែរ ។ អ្នកស្រីបន្តរទៀតថា ដោយឈ្មោះ ផេក ធា ជាឧត្តមសេនីយ៍ឯក សួរកទីតាំងដីពិតប្រាកដពីឈ្មោះ ផេម សំអាត ឈ្មោះ ផេម សំអាត ក៍បានបង្ហាញទីតាំងដីដែលជាដីរបស់ឈ្មោះ ណាំង មណ្ឌល និងឈ្មោះ សេក សុភាព នេះតែម្តង ។


ជុំវិញទំនាស់ខាងលើ ឧត្តមសេនីយ៍ឯក ផេក ធា បានអោយអ្នកយកព៌ត៍មានយើងដឹងថា លោកដឹងតែពីធ្វើលើដីដែលឈ្មោះ ផេម សំអាត ចង្អុលបង្ហាញនោះ ត្រង់ដីឈ្មោះ ណាំង មណ្ឌល នៅកន្លែងណានោះ គឺលោកមិនដឹងឡើយ ហើយបើទោះបីជាឈ្មោះ ណាំង មណ្ឌល និងឈ្មោះ សេក សុភាព ឃាត់យ៉ាងណាក៍មិនខ្វល់ដែរ គឺគាត់នៅតែបន្តរធ្វើ ទោះប្តឹងដល់ណាក៍លោកមិនខ្វល់ព្រោះដីគាត់មិនពាក់ព័ន្ធនិងឈ្មោះ ណាំង មណ្ឌល និងឈ្មោះ សេក សុភព ឡើយ គឺពាក់ព័ន្ធតែជាមួយឈ្មោះ ផេម សំអាត ប៉ុណ្ណោះ ៕ ដោយ ចាន់ សុភា