ក្រសួងសាធារណការ ដកមន្ដ្រីជញ្ជីង ៣រូប ដូចការគ្រោងទុក។

 

(ភ្នំពេញ) ៖ មុនការឈានមកដកមន្រ្តី ទាំង៣រូបនេះ លោក ស៊ុន ចាន់ថុល ក៏ធ្លាប់ផ្ញើសារ និងបានប្រកាសឲ្យពួកគេ កែខ្លួនមកជាមនុស្សល្អវិញដែរទីបំផុតទៅដូច អនុសាសន៍កន្លងមក របស់លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាកដមែន គឺបានដកមន្រ្តីថ្លឹងជញ្ជីង ៣រូបចេញ ដោយសារតែពួកគេ បានប្រព្រឹត្តអំពើពុករលួយ ដែលការដកពួកគេជាលើកទី១នេះ ទុកជាការព្រមាន ដល់មន្រ្តីផ្សេងទៀត ដែលបានប្រព្រឹត្តអំពើដូចគ្នានេះ ។ បញ្ចប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោង ធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ថ្ងៃទី២៨ មករា នេះ លោកបានចុះហត្ថលេខា ដកមន្ដ្រីជញ្ជីងចំនួន៣នាក់ (កន្លែងថ្លឹងរថយន្ដ) ក្នុងនោះ ក៏មានមន្ដ្រីជញ្ជីង នៅខេត្តស្ទឹងត្រែងផងដែរ។ លោកបញ្ជាក់ថា “រឿងជញ្ជីងនេះ គឺថារឿងឈឺក្បាល ធ្វើឲ្យមុខមាត់ប្រទេសជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ។ ដោយសារតែកន្លែងជញ្ជីងយើងមានបញ្ហា ព្រឹកមិញនេះ ខ្ញុំទើបចុះហត្ថលេខា ដូរប្រធានជញ្ជីង៣កន្លែងចេញសិន”។ រដ្ឋមន្រ្តីបន្ដថា នេះគឺជាដំណាក់កាលទី១ ដូរមន្ដ្រីជញ្ជីងពុករលួយ៣នាក់ ដើម្បីទុកជាការព្រមាន ចំពោះមន្រ្តីពុករលួយផ្សេងទៀត ដែលមិនទាន់ចាត់ការ ។ លោកថា ក្រសួងនឹងមានគម្រោងដូរជាបន្ដបន្ទាប់ទៀត។ លោកបន្ថែមថា ក្រសួងនឹងមានវិធានក្ដៅៗ ដើម្បីដកមន្ដ្រីជញ្ជីងខូចទាំងឡាយចេញឲ្យអស់ ហើយលោក ក៏អំពាវនាវមន្ដ្រីជញ្ចីងទាំងអស់ ត្រូវធ្វើការឲ្យបានត្រឹមត្រូវ ជាពិសេស រថយន្ដត្រូវថ្លឹងឲ្យបានពិតប្រាកដ មិនអាចឲ្យរថយន្ដ ឆ្លងកាត់ដោយមិនថ្លឹងនោះទេ។ រដ្ឋមន្ដ្រីក្រសួងសាធារណការ បានរំលឹកថា នាពេលកន្លងមក ក្រសួងបានដូរមន្ដ្រីជញ្ជីង ចំនួន១៥នាក់ផងដែរ ដូច្នេះឯកសារពួកគាត់ កំពុងស្ថិតក្នុងដៃតុលាការ។ លោកថ្លែងថា “ដាក់អ្នកថ្មីមកប៉ុន្មានកន្លែង បញ្ហាដូចដើមទៀត ល្មមរៀងហើយ ចឹងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើឲ្យហើយ នូវមន្ដ្រីយើងខ្ញុំទាំងអស់ឲ្យឈប់ បើមន្ដ្រីល្អខ្ញុំសូមអរគុណ មន្ដ្រីមិនល្អសូមកែខ្លួន ព្រឹកមិញខ្ញុំបានដូរ៣កន្លែងដឹងមួយច្បាស់ នៅស្ទឹងត្រែង”។

 

ដោយ ៖ កោះសេរីភាព