មកដល់ទៀតហើយ ដាក់ថ្នាំសណ្តំក្នុងស្រាបៀរ ហៅម្ចាស់ផ្ទះមកផឹក។

បាត់ដំបង៖ ប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងនាព្រឹកថ្ងៃទី២៩នេះថា​ មនុស្សចំនួន៣នាក់ ត្រូវបាន កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីទោ អ៊ុច សុខុន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីដាក់ថ្នាំងសណ្តំម្ចាស់ផ្ទះសំណាក់យីហោ(សោរ ឃឹម) ដែលបានធ្វើសកម្មភាពកាលពីវេលាម៉ោង២១និង៣០នាទី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង្ស័យទី១ឈ្មោះ៖ ជា ចិន្តា ភេទស្រី អាយុ៥៤ឆ្នាំ ទី២​ ឡុង ស្រី យ៉ា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិ៤ សង្កាត់ពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ ឆេង សីហា អាយុ២៤ឆ្នាំ រស់នៅភូមិតាសិត ឃុំពេល ស្រុកត្រៃកក់ ខេត្តតាកែវ។ ជនសង្ស័យទាំង៣មើលឃើញឪកាសល្អ ខណៈខ្លួនកំពុងស្នាក់នៅក្នុងផ្ទះសំណាក់យីហោខាងលើ ក៍បបួលម្ចាស់សំណាក់ ឈ្មោះ សោរ ឃឹម ភេទប្រុស អាយុ៦៣ឆ្នាំ ផឹកស្រាបៀរ ABC ស្រាប់១សន្ទុះក្រោយមក ជនរងគ្រោះសន្លប់បាត់មាត់ឈឹង ហើយក្រុមជនសង្ស័យក៍ចាប់ផ្តើមធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមទំនើងចិត្ត។

លោកស្នងការរងបានបន្តថា៖ សម្ភារៈដែលបាត់បង់ទាំងអស់នោះរួមមាន៖ខ្សែរក ប្លាទីន១ខ្សែ ទម្ងន់២តម្លឹង បន្តោងមាស ៥ជី ទូរស័ព្ទអាយហ្វូនX ១គ្រឿង នាឡិកាដៃ២គ្រឿង និងលុយខ្មែរ ចំនួន៦០មុឺនរៀល។ បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយះ(កោះសេរីភាព)