ឯកអគ្គរដ្ឋទូតតួកគីយ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីតួកគីយ៉េ-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ
(ភ្នំពេញ)៖ លោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងតួកគីយ៉េ និងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ។
ការប្តេជ្ញាបានធ្វើឡើង ក្នុងឱកាសលោកឯកអគ្គរដ្ឋទូត អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតតួកគីយ៉េបានបង្ហាញមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងតួកគីយ៉េ និងកម្ពុជា។
ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានសម្ដែងការអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា និង បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។
សម្ដេចមហាបវរធិបតី មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់លោក, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់រួមមាន៖ សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ អប់រំ ទេសចរណ៍ និងបរិស្ថានជាដើម។
មុននឹងបញ្ចប់ជំនួបនោះ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យលោកឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត៕
